ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ប៑ីប៑ីអេស ធីវី អនឡាញ / ទីស្នាក់ការ: ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល / ទំនាក់ទំនង / Tele: 0762252251 / 070748628 ...

Breaking News

រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីក្រុងពាលី នៅស្ពានកោះនរា-កោះពេជ្រ ខណៈសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការថ្ងៃស្អែក

ដោយ :www.bbstvonline.com

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីតាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចំរុងចំរើន នៅមុនស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍន៍កោះនរា និងកោះពេជ្រ ដែលនឹងត្រូវបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី១៥ វិច្ឆិកា ស្អែកនេះ។

តាមគម្រោងដែលបានគ្រោងទុក ស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់កោះនរា និងកោះពេជ្រ នឹងត្រូវសម្ពោធដាក់ឲ្យិប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាប្រពៃណីទំនៀមទំលាប់បុរាណរបស់ខ្មែរ មុននឹងសម្ពោធដាក់ឲ្យ ប្រើប្រាស់នូវសមិទ្ធិផល ដែលទើបបានសាងសង់រួច ឬមុននឹងចាប់ផ្តើមសាងសង់សំណង់ផ្សេងៗ ដើម្បីឲ្យការសាងសង់នោះ ប្រព្រឹត្តទៅដោយរលូន និងមានសេចក្តីសុខ សេចក្តីចំរើន ដល់អ្នកប្រើប្រាស់សមិទ្ធិផលទាំងនោះ។

ស្ពានបេតុងខ្សែកាប តភ្ជាប់កោះនរា-កោះពេជ្រ គឺជាសមិទ្ធិផលថ្មីមួយទៀត កើតមានឡើងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងដឹកនាំអនុវត្តផ្ទាល់ដោយលោក ឃួង ស្រេង និងសាងសង់ដោយក្រុមហ៊ុនOCIC។

ស្ពាននេះបានដើតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកកាត់បន្ថយការកកស្ទះចរាចរលើកំណាត់មហាវិថីព្រះនរោត្តម ពីស្ពានអាកាសក្បាលថ្នល់ចូលមកកណ្តាលក្រុង រួមទាំងបងប្អូនអ្នកធ្វើដំណើរពីខណ្ឌច្បារអំពៅ និងបានកាត់បន្ថយការកកស្ទះចរាចរមួយផ្នែកធំលើកំណាត់ផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ២ ដែលជាច្រកចេញចូលរាជធានីភ្នំពេញផងដែរ។

ស្ពានបេតុងខ្សែកាបកោះនរា-កោះពេជ្រ មានប្រវែង៨២៤ម៉, ទទឹង ២៤ម៉កន្លះ, ចែកចេញជា ៤គន្លង គឺ២គន្លងសំរាប់រថយន្ត, ១គន្លងសំរាប់ម៉ូតូ និងមួយគន្លងទៀត សំរាប់អ្នកថ្មើរជើងដែលបានបើកដំណើរការសាងសង់ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ទើបរួចរាល់ និងចំណាយលើការសាងសង់ប្រមាណ ៣៨លានដុល្លារ។ ក្រៅពី ការកាត់បន្ថយការកកស្ទះចរាចរ លើកំណាត់មហាវិថីព្រះនរោត្តម និងកំណាត់ផ្លូវជាតិលេខ១ ស្ពាននេះក៏បានបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋយើង ធ្វើដំណើរកាន់តែងាយស្រួល និងឆាប់រហ័ស ព្រមទាំងលែងលំបាកឆ្លងសាឡាងដូចមុនទៀត៕

No comments