ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ប៑ីប៑ីអេស ធីវី អនឡាញ / ទីស្នាក់ការ: ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល / ទំនាក់ទំនង / Tele: 0762252251 / 070748628 ...

Breaking News

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជំរុញសមាគមមិត្តនគរបាលធ្វើសកម្មភាពជាគុណ​ប្រយោជន៍ដល់នគរបាលជាសមាជិក

ដោយ :www.bbstvonline.com


 ភ្នំពេញ ៖ ក្នុងពិធីបិទមហាសន្និបាត​របស់សមាគម​មិត្តនគរបាលកម្ពុជា នៅថ្ងៃទី១៤  ខែវិច្ឆិកានេះ ឯកឧត្ដម​អភិសន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានវាយ​តម្លៃខ្ពស់ចំពោះការបំពេញតួនាទីភារកិច្ចអស់រយៈពេលអាណត្តិទី៤កន្លងទៅរបស់សមាគមមិត្តនគរបាលកម្ពុជា។ ទន្ទឹមនេះ ដើម្បីបំពេញ​តួនាទី​ភារកិច្ចឱ្យកាន់តែមានប្រសិទ្ធផលថែមទៀត ឯកឧត្ដមអភិសន្តិ​បណ្ឌិត បានថ្លែងលើកទឹកចិត្តដល់គណៈកម្មាធិការកណ្តាលអាណត្តិថ្មី ត្រូវរៀបចំឱ្យមានកម្មវិធីប្រជុំជាកំណត់មួយ  ដើម្បីពិនិត្យលើការងារដឹក​នាំ និងដោះស្រាយបញ្ហាដែលកើតមានឡើង ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ឯកឧត្តមបន្តថា  ចំពោះអង្គការចាត់តាំងតាមអង្គភាពនីមួយៗ​ចំណុះ​ក្រសួង​មហាវិញ គួរពិនិត្យរៀបចំរចនាសម្ព័ន្ធឡើងវិញ ជាពិសេស តាមអគ្គនាយកដ្ឋានដែលទើបបង្កើតថ្មី។ 

ដើម្បីលើកកម្ពស់កិត្តិយ​សមន្ត្រីនគរបាលជាតិ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានជំរុញដល់គណៈកម្មាធិការអាណត្តិថ្មី ឱ្យពិចារណាបង្កើត​ក្រុមការងារ ឬអនុគណៈកម្មាធិការរៀបចំពិធីបុណ្យសពនៅ​តាមគណៈ​កម្មាធិការមូលដ្ឋាននីមួយៗ សម្រាប់ចាត់ចែងពិធីបុណ្យឱ្យបាន​សមរម្យ។ ដូចគ្នាដែរ ថវិការសម្រាប់ឧបត្ថម្ភដល់នគរបាលជាតិជា​សមាជិក​របស់សមាគមវិញ គប្បីពន្លឿនក្នុងផ្ដល់ជូនក្រុមគ្រួសារសព យ៉ាងយូរក្នុងរយៈពេល១២ថ្ងៃ នៃថ្ងៃធ្វើការ ដោយកុំអូសបន្លាយ​ពេលយូរ។ 

ដោយឡែកចំពោះការផ្សព្វផ្សាយសកម្មភាពវិញ គណៈកម្មការ​និពន្ធ​ទស្សនាវដ្ដីមិត្តនគរបាល សូមបន្តបង្កើនការយកចិត្តទុកដាក់​សម្រិត​សម្រាំងទាំងរូបភាព និងខ្លឹមសារអត្ថបទឱ្យបានកាន់តែល្អទ្វេដង ក៏​ដូចជាពង្រីកការចុះផ្សាយសកម្មភាព ដែលបានចុះផ្ដល់ថវិកាឧបត្ថម្ភ និងការជួយរៀបចំពិធីបុណ្យសពផងដែរ។ រីឯការគ្រប់គ្រងសមាជិក ដើម្បីឱ្យស្របតាមគោលនយោបាយឌីជីថល និងភាពងាយស្រួល សមាគមមិត្តនគរបាលជាតិកម្ពុជា គួរសហការជាមួយអគ្គ​នាយកដ្ឋាន​បច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងអគ្គនាយកដ្ឋានធនធាន​មនុស្ស នៃក្រសួងមហាផ្ទៃ ដើម្បីឈានទៅធ្វើទំនើបកម្មគ្រប់គ្រង​ឯកសារ របស់សមាជិក សមាជិកាតាមប្រព័ន្ធឌីជីថល ដោយ​មិនអាច​នៅបន្តប្រតិបត្តិការតាមបែបប្រពៃណីទៀតឡើយ។

ក្នុងពិធីបិទមហាសន្និបាតនេះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ផ្ញើសារអំពាវនាវដល់បណ្ដា​សប្បុរសជនគ្រប់មជ្ឈដ្ឋាន បន្តឧបត្ថម្ភគាំទ្រ សមាគមមិត្តនគរបាលជាតិ​កម្ពុជា ដើម្បីឱ្យសមាគមនេះកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត​នាពេល​​បច្ចុប្បន្ន​និងអនាគត។ គួរកត់សម្គាល់ថា មហាសន្និបាត បាន​បោះឆ្នោតជូននាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ធ្វើជាប្រធាន និង បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជូន ឯកឧត្ដមអភិសន្តិប​ណ្ឌិត​ ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ជាប្រធាន​កិត្តិយស៕

   

No comments